ប៉ូលិសចិនចុះបំបែកសម្បុកផលិត AirPods ក្លែងក្លាយ រឹបអូសបានកាសរាប់ម៉ឺនគ្រឿង

អាជ្ញាធរចិនក្នុងខេត្ត Sichuan បានចុះបំបែកសម្បុកផលិត AirPods ក្លែងក្លាយដ៏ធំ ដោយបានរកឃើញ AirPods ក្លែងក្លាយជាច្រើនម៉ឺនគ្រឿង ដែលសរុបមានតម្លៃរាប់លានដុល្លារ។ របាយការណ៍បានឲ្យដឹងថា កាស AirPods ក្លែងក្លាយដែលរឹបអូសបានគឺមានជាង ៦៩ ០០០គ្រឿង កាសមិនទាន់ផលិតហើយមានចំនួនជាង ៤៥ ០០០គ្រឿង និងឈុតសម្រាប់វេចខ្ចប់មានចំនួនជាង ៥ម៉ឺនឈុត រួមនឹងគ្រឿងបន្លាស់ចំនួនជាង ១ម៉ឺនឈុតផងដែរ។ អាជ្ញាធរបានឲ្យដឹងថា កាសក្លែងក្លាយទាំងនេះបានលក់ចេញទៅកាន់ខេត្ត និងក្រុងចំនួន១០ នៅក្នុងប្រទេសចិន ប៉ុន្តែមិនមានការបញ្ជាក់ថាផលិតផលទាំងនេះបានចរាចរណ៍ចេញក្រៅទីផ្សារប្រទេសចិនឬយ៉ាងណានោះទេ៕